EVENT - l'événement du mois de mars 2015 Événements
ព្រឹត្តិការណ៍នាថ្ងៃសៅរ៍ ទី២៨ ខែមិនា ឆ្នាំ២០១៥ ភាពយន្ត ខែមិនា
|
ពីប្រទេសកម្ពុជាមកដល់ប្រទេសកាណាដា៖
អនុស្សាវរីយ៍ និងក្តីសង្ឃឹមផ្តោតលើប្រទេសកម្ពុជា នាថ្ងៃទី ១២, ១៣ និង ១៤ ខែមិនា ឆ្នាំ២០១៥ មជ្ឈមណ្ឌលខេមរា (Centre Khemara) និងបណ្ណាល័យភាពយន្តកេបិច (Cinémathèque québécoise) ក្រោមកិច្ចសហការដៃគូគ្នាជាមួយមជ្ឈមណ្ឌល Vidéographe និងសមាគម Meta House នឹងរៀបចំការចាក់បញ្ចាំងខែ្សរភាពយន្តឯកសារខ្នាតខ្លី និងវែង រយៈពេលចំនួនបីល្ងាចជាប់គ្នា ដោយក្នុងនោះក៏មានកម្មវិធីជំនួបពិភាក្សារវាងវាគ្មិនកិត្តិយស និងសាធារណជនផងដែរ។ សំបុត្រទស្សនា៖ -១០ ដុល្លារ (បញ្ចុះតំលៃសំរាប់និសិត្ស និងមនុស្សចាស់) -ឥតគិតថ្លៃសំរាប់កុមារអាយុក្រោម ១៦ ឆ្នាំ សូមប្រញាប់រួសរាន់ ! កន្លែងមានកំណត់ ! សំរាប់ព័ត៌មានបន្ថែម៖ [email protected] ថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង ៧ ល្ងាច រឿងដំណេកមាស (Le Sommeil d’or) ខ្សែរភាពយន្តនេះដឹកនាំដោយលោក ជូ ដាវី សមិទ្ធិករវ័យក្មេងខែ្មរ-បារាំង។ ភាពយន្តឯកសារនេះរំលឹកពីប្រវត្តិវិស័យភាពយន្តខែ្មរកាលពីសម័យមុនសង្គ្រាម ដែលលូតលាស់ និងរុងរឿង ហើយត្រូវបានកាត់ផ្តាច់រលត់សូន្យឈឹងពេលខែ្មរក្រហមចូលកាន់កាប់អំណាចក្នុងកំឡុងទសវត្សន៍ទី៧០។ បន្ទាប់ពីការបញ្ចាំងខែ្សរភាពយន្តនេះ យើងនឹងមានជំនួបពិភាក្សាមួយក្រោមវត្តមានអ្នកស្រី ឌៀប ឌីឡៃវណ្ណ ចៅស្រីរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សាម៉ន ម៉េត ដែលជាសមិទ្ធិការនី និងផលិតការនីខែ្សរភាពយន្តខែ្មរក្នុងទសវត្សន៍ទី៦០។ www.lesommeildor-lefilm.com ថ្ងៃសុក្រ ទី១៣ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង ៧ ល្ងាច រឿងកូនប្រុសខែ្មរ (Cambodian Son) ដឹកនាំដោយលោក Masahiro Sugano ខែ្សរភាពយន្តឯកសារនេះរៀបរាប់ពីដំណើរជីវិតរបស់លោក ខៀវ កុសល ជនជាតិខែ្មរ-អាមេរិកត្រូវបានចាប់បញ្ជូនទៅប្រទេសកម្ពុជា បន្ទាប់ពីត្រូវជាប់ពន្ធាគារក្រោមបទចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។ នៅប្រទេសកម្ពុជាដែលជាមាតុកំណើតរបស់ឪពុកម្តាយគាត់ បុរសម្នាក់នេះមិនចេះភាសា និងមិនស្គាល់ទំនៀមទំនាប់ប្រពៃណី។ គាត់ត្រូវបង្ខំចិត្តសម្របខ្លួនរស់នៅទីនោះ។ ជំនួបពិភាក្សាក្រោយការបញ្ចាំងខែ្សរភាពយន្តនោះគឺ វត្តមានរបស់លោក FONKi សិល្បករគំនូរបាញ់លើជញ្ជាំងខែ្មរ និងជាសហស្ថាបនិកក្រុមសិល្បករ Montreal Zoo (fonki.ca)។ www.cambodianson.com ថ្ងៃសៅរ៍ ទី១៤ ខែមិនា ឆ្នាំ២០១៥ វេលាម៉ោង ៥ ល្ងាច រឿងកង្វះរូបភាព (L’image manquante) ភាពយន្តឯកសាររឿងកង្វះរូបភាព នេះត្រូវបានដឹកនាំដោយសមិទ្ធិករខែ្មរ-បារាំងល្បីឈ្មោះម្នាក់គឺ លោក ប៉ាន់ រិទ្ធី។ ខ្សែរភាពយន្តនេះត្រូវបានជ្រើសរើសចូលទៅប្រកួតប្រជែងពានរង្វាន់ Oscars 2014 ក្នុងលំដាប់ខែ្សរភាពយន្តឆ្នើមភាសាបរទេស។ ភាពយន្តឯកសារនេះរៀបរាប់ពីប្រវត្តិគ្រួសារ និងជីវិតរបស់លោក ប៉ាន រិទ្ធី កាលពីមុន និងក្នុងកំឡុងសម័យកាប់សំលាប់ខែ្មរក្រហម ដែលត្រូវបានចាត់ទុកថាជា«ឧក្រិដ្ឋកម្មគ្មានបានបន្សល់ទុករូបភាព»។ វាគ្មិនកិត្តិយសក្នុងជំនួបពិភាក្សាគឺ លោក តុំ ប៉ូល សមិទ្ធិករភាពយន្តវ័យក្មេងជនជាតិកាណាដាដើមកំណើតខែ្មរ និងអ្នកស្រី មិន ម៉ូរាត អ្នករស់រានមានជីវិតពីរបបពិឃាតខែ្មរក្រហម។ សំរាប់ព័ត៌មានលំអិតនៃកម្មវិធី សូមចូលទស្សនាគេហទំព័រខាងក្រោមនេះ៖ http://www.cinematheque.qc.ca/fr/programmation/projections/cycle/focus-cambodge ដំណឹងស្វែងរកអ្នកស្ម័គ្រចិត្ត ក្នុងកំឡុងខែមិនា ឆ្នាំ២០១៥នេះ មានរៀបចំការប្រារព្ធខួបគំរប់ទី៣៥ឆ្នាំ នៃការមកដល់របស់ប្រជាជនខែ្មរនៅទីក្រុងម៉ុងរេអាល់ និងការរំលឹកវិញ្ញាណក្ខ័ន្ធដល់ព្រលឹងជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ខែ្មរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្រៅពីមានការចាក់បញ្ចាំងភាពយន្តឯកសារចំនួនបីល្ងាចជាប់គ្នានៅ Cinamathèque (ពីថ្ងៃទី១២ដល់ថ្ងៃទី១៤) និងការតាំងពិព័ណ៌ចំនួនបីថ្ងៃដោយឥតគិតថ្លៃនៅ Centre des loisirs de Saint-Laurent (ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨) មជ្ឈមណ្ឌលខេមរានឹងរៀបចំបទបង្ហាញនានា (ateliers) និងការសំដែងសិល្បៈ នាថ្ងៃសៅរ៍ ទី២៨ ខែមិនា សំរាប់រយៈពេលពេញមួយថ្ងៃ ដោយឥតគិតថ្លៃ។ ដើម្បីអាចរៀបចំព្រិត្តិការណ៍នេះបាន ក្រុមការងារយើងកំពុងស្វែងរកអ្នកស្ម័គ្រចិត្តសំរាប់កិច្ចការមួយចំនួនដូចជា ផែ្នកទទួលភ្ញៀវ ផែ្នកភស្តុភារ ផែ្នកតំឡើង និងរុះរើឆាកជាដើម។ ក្រុមការងារយើងខ្ញុំត្រូវការអ្នកស្ម័គ្រចិត្ត ទោះបីមានពេលទំនេរពេញមួយថ្ងៃ ឬប៉ុន្មានម៉ោងក៏ដោយ។ ដើម្បីចុះឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្ត លោកអ្នកអាចសរសេរសារមកកាន់ [email protected] ឬទូរស័ព្ទមកកាន់លេខ ៥១៤-៣១២-២៤៦៥។ ក្រុមការងារយើងខ្ញុំសូមថ្លែងអំណរគុណទុកជាមុនចំពោះការគាំទ្រ និងការចូលរួមរបស់លោកអ្នក។ |
កាលពី៤០ឆ្នាំមុន… ជូនចំពោះវិញ្ញាណក្ខ័ន្ធញាតិមិត្តកាលពីអតីតៈកាល...
ជូនចំពោះបុត្រធីតារបស់យើងសំរាប់ថ្ងៃអនាគត...៣៥ឆ្នាំក្រោយមក... នាថ្ងៃសៅរ៍ ទី២៨ ខែមិនា ឆ្នាំ២០១៥ មជ្ឈមណ្ឌលខេមរានឹងនាំលោកអ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅប្រទេសកាណាដា តាមរយៈការរៀបចំពិព័ណ៌ និងបទបង្ហាញជុំវិញប្រធានបទសំខាន់ៗ ដែលអនុញ្ញាតិអោយយើងយល់ដឹងកាន់តែច្បាស់ពីដំណើរជីវិតរបស់ប្រជាជនខែ្មរ ដែលបានឃ្លាតកាយឆ្ងាយពីមាតុប្រទេស និងពីការសម្របខ្លួនរស់នៅក្នុងសង្គមថ្មីនៃប្រទេសដែលទទួលពួកគេ។ ដំណើរជីវិតខែ្មរនៅកាណាដា សូមអញ្ជើញចូលរួមស្តាប់បទបង្ហាញក្រោមចំណងជើងថា ប្រទេសខ្ញុំ មិនមែនជាប្រទេសខ្ញុំទេ ! ជារដូវធ្លាក់ទឹកកក…! ដោយមានវត្តមានវាគ្មិនមកពីប្រទេសកាណាដា និងបារាំង មានជាអាទិ លោក Louis-Jacques Dorais នរវិទូ និងអ្នកជំនាញផែ្នកអាស៊ីអាគ្នេយ៍។ បទឧទេ្ទសនេះនឹងព្យាយាមស្វែងយល់ថា តើជនអន្តោរប្រវេសន៍ខែ្មរបានសម្របខ្លួនរស់នៅបែបដូចម្តេចខ្លះក្នុងសង្គមនៃប្រទេសថ្មី ដែលពួកគេពុំធ្លាប់ស្គាល់ ហើយដែលទឹកដីថ្មីនេះខុសគ្នាស្រឡះពីមាតុភូមិកំណើតរបស់ពួកគេ? តើពួកគេសំរបខ្លួនយ៉ាងដូចម្តេចជាមួយការហូបចុក ភាសា អាកាសធាតុត្រជាក់ និងទឹកកក? តើពួកគេធ្វើដូចម្តេចអាចទទួលបានជោគជ័យ ឬមិនបានក្នុងការច្របាច់បញ្ចូលគ្នារវាងតំលៃវប្បធម៌ខែ្មរ-កាណាដា ដែលពេលខ្លះផ្ទុយគ្នាស្រឡះ? ប្រវត្តិល្ខោនខ្មែរ សូមអញ្ជើញចូលស្តាប់ប្រវត្តិ និងលំនាំល្ខោនខ្មែរ ក្រោមការបកស្រាយរបស់លោកសាស្ត្រាចារ្យខែ្មរ-បារាំង ម៉ម ណារុំ អតីតៈនិសិត្សសាកលវិទ្យាល័យវិចិត្រសិល្បៈនៅប្រទេសកម្ពុជា និងជាអ្នករស់រានមានជីវិតម្នាក់ពីរបបប្រល័យពូជសាសន៍ខែ្មរក្រហម។ លោកនឹងបង្ហាត់បង្ហាញអ្នកចូលរួមទាំងក្មេង និងចាស់អោយស្គាល់លោ្ខនយីកេ។ ប្រវត្តិសូត្រខ្មែរ សូមអញ្ជើញស្វែងយល់ពីប្រវត្តិសូត្រខែ្មរ ជាមួយអ្នកច្នៃម៉ូដគឺ អ្នកស្រី Magali An-Berton នាពេលព្រឹក។ បន្ទាប់មក នាពេលល្ងាច លោកអ្នកនឹងបានទស្សនាការដើរបង្ហាញម៉ូដ ដើម្បីស្គាល់អោយកាន់តែច្បាស់អំពីភាពសំបូរបែបនៃសំលៀកបំពាក់ខែ្មរ។ គំនូរបាញ់លើជញ្ជាំង សូមអញ្ជើញទស្សនាការបង្ហាញរបស់សិល្បករខែ្មរ-បារាំង FONKi អំពីការច្របាច់បញ្ជូលគ្នារវាងសិល្បបុរាណខែ្មរ និងគំនូរបាញ់លើជញ្ជាំង ដែលស្នាដៃនេះជួយនាំអោយមានការសន្ទនាគ្នារវាងមនុស្សមកពីជំនាន់ខុសគ្នា និងវប្បធម៌ផ្សេងគ្នា។ សិល្បកររស់នៅទីក្រុងម៉ុងរេអាល់រូបនេះក៏ជាសហស្ថាបនិកក្រុមសិល្បៈ Montreal Zoo ផងដែរ។ ដើម្បីបិទបញ្ចប់កម្មវិធី លោកអ្នកនឹងអាចទស្សនាការសំដែងរបាំប្រពៃណី និងរបាំបុរាណ ដែលដកស្រង់ចេញពីរបាំព្រះរាជទ្រព្យខែ្មរ។ លើសពីនេះ យើងនឹងរៀបចំការចាប់កាដូ និងការរាំកំសាន្ត ដោយមាន DJ ផងដែរ។ ព្រឹត្តិការណ៍នេះទទួលបានការគាំទ្រពីប្រធានកិត្តិយសកម្មវិធីគឺ អ្នកស្រី ងួន ល័ក្ខស្មី ដែលជាឥស្សរសជនខែ្មរមានឈ្មោះបោះសំលេងក្នុងសហគមន៍ ជាពិសេសក្នុងបណ្តាញសារព័ត៌មានខេត្តកេបិច។ ពីប្រទេសកម្ពុជាមកកាន់ប្រទេសកាណាដា...តាមរយៈកាលប្រវត្តិ កាលពី៣៥ឆ្នាំមុន ជនភៀសខ្លួនខ្មែរបានរត់មករស់នៅប្រទេសកាណាដា។ ដើម្បីរំលឹកខួបអនុស្សាវរីយ៍នេះ មជ្ឈមណ្ឌលខេមរាមានកិត្តិយសអញ្ជើញអស់លោក-លោកស្រីមកទស្សនាការតាំងពិព័ណ៌ក្រោមចំណងជើងថា «ខែ្សរជីវិត» ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៥ នៅបន្ទប់ច្រកចូលរបស់ Centre des loisirs de Saint-Laurent។ សំរាប់រយៈពេលបីថ្ងៃជាប់គ្នា ក្នុងបរិបទប្រវត្តិសាស្រ្ត ពិព័ណ៌នេះនឹងរៀបរាប់ពីទំនាក់ទំនងជិតស្និតគ្នារវាងប្រវត្តិជីវិតជនជាតិខែ្មរ-កាណាដា និងជនជាតិកាណាដា ដោយក្នុងនោះយើងមិនភ្លេចរំលឹកពីប្រវត្តិជីវិតរបស់ជនជាតិរ្វាន់ដា ជនជាតិជ្វីហ និងជនជាតិអាមេនី ដែលបានឆ្លងកាត់សោកនាដកម្មដូចជនជាតិខែ្មរយើងដែរ។ ពិព័ណ៌នេះក៏រៀបរាប់ផងដែរអំពីវិថីជីវិតដែលបងប្អូនខែ្មរយើងបានត្រួសត្រាយចាប់តាំងពីពួកគាត់បានមកដល់ប្រទេសកាណាដា ខេត្តកេបិច ទីក្រុងម៉ុងរេអាល់ មុនឆ្នាំ១៩៨០។ យើងនឹងបង្ហាញជូនលោកអ្នកអោយស្គាល់ប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកទាំងនោះ តាមរយៈរឿងរ៉ាវតូចតាច ដែលប្រទាក់ក្រឡាគ្នាស្របតាមកាលប្រវត្តិប្រទេសកម្ពុជា។ អ្នកទស្សនាទាំងអស់អាចចូលរួមបញ្ចេញចំណាប់អារម្មណ៍ ឬចែករំលែកអនុស្សាវរីយ៍ និងបំណងប្រាថ្នារបស់ខ្លួនតាមរយៈការឆ្លងកាត់បទពិសោធន៍ផ្ទាល់ខ្លួន ចាប់តាំងពីពេលមកដល់ទឹកដីកាណាដា។ ចូលដោយសេរី ឥតគិតថ្លៃ អាស័យដ្ឋានលេខ 1375 rue Grenet, Saint-Laurent (Québec) H4L 5K3 ចាប់ពីម៉ោង៩ ព្រឹករហូតដល់ម៉ោង១១យប់ |